ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

ស្វាយកែវរមៀត ឆ្នាំនេះតំលៃទីផ្សារចុះថោក ជាងឆ្នាំមុន

2017-02-15 09:09:15     590     ធីតា

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ដំណាំ​ស្វាយកែវ​រមៀត ដែល​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ភាគច្រើន​ដាំ​ដែល​សឹងតែ ៩៩% (ភាគរយ) បើ​ធៀប​នឹង​ដំណាំ​ស្វាយ ប្រភេទផ្សេងៗទៀត ព្រោះ​ផ្លែ ស្វាយកែវ​រមៀត គេ​និយម ទីផ្សារ​ក្នុងស្រុក និង​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀត។ចំពោះ​អាយុកាល​ដំណាំ​មួយ​នេះ មាន​រយពេល​តែ ៣ឆ្នាំ​ប៉ុណ្ណោះ អាច​ទទួលបាន​ផល ជា​ផ្លែ ហើយ​បើ​ធៀប​ទៅនឹង​ស្វាយ​ធម្មតា​ចាប់ពី ៥ឆ្នាំ ទៅ ៧ឆ្នាំ ទើបបាន​ផល​ជា​ផ្លែផ្កា ហើយ​ម្យ៉ាងទៀត ដំណាំ​ស្វាយកែវ​រមៀត ក៏​ងាយ​ស្រួយ​ក្នុង​ការថែទាំ មិន​រើស​ប្រភេទ​ដី និង​ធុន​ជាមួយនឹង​សីតុណ្ហភាព​ផងដែរ។តែ​សំរាប់​ឆ្នាំនេះ តំលៃ​ទីផ្សារ​ស្វាយកែវ​រមៀត បាន​ធ្លាក់ចុះ​ជាខ្លាំង ធ្វើឱ្យ​ប្រជាពលរដ្ឋ ហើយ​ជាពិសេស ប្រជាពលរដ្ឋ​ដែលជា​អ្នកដើរ​ម៉ៅ​ចំការ​ស្វាយ បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង អំពី​ការបង់ ឬ​មិន​ទទួលបាន​ប្រាក់ចំណេញ ហើយ​មាន​ពលរដ្ឋ​ខ្លះ មិនបាន​បេះ​យកទៅលក់​ទីផ្សារ ដោយសារ​តំលៃថោក​ពេក។បងប្រុស​ម្នាក់​ឈ្មោះ ជី សាវុធ អាយុ ៣៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ឈ្មោះ ឃុំ​ព្រែក​តាសរ ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង បានឱ្យដឹងថា គាត់​រកស៊ី​មុខរបរ ដើរ​ម៉ៅ​ចំការ​ស្វាយកែវ​រមៀត ជាង១០ឆ្នាំ​មកហើយ ដែល​គាត់​មក​ស្នាក់នៅ ចំការ​ស្វាយ​គេ នៅ​ភូមិ​អូរ​អង្រែ ឃុំ​ត្រពាំង​តាវ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​រយពេល ៤ឆ្នាំ ទាំង​ឆ្នាំនេះ ។ ដោយ​គាត់ បាន​ម៉ៅ​ចំការ​ស្វាយកែវ​រមៀត មួយកន្លែង មាន​ដើម​ស្វាយ​ចំនួន ៦០០ដើម ដែល​ក្នុង​មួយ​ដើម តំលៃ ១០ដុល្លា ស្មើរ​នឹង ៤ម៉ឺន​រៀល ក្នុង​កុងត្រា មួយឆ្នាំ​ប៉ុណ្ណោះ។បងប្រុស​បន្តថា ក្នុង​រយពេល​មួយឆ្នាំ គាត់​ថែទាំ ឱ្យ​ស្វាយ​ចេញ​ផ្កា និង​ផ្លែ បាន​ចំនួន ២ ដង ដែល​កាលពី​ឆ្នាំទៅ ហាងឆេង​ទីផ្សារ​លក់បាន តំលៃ ២៧០០រៀល ក្នុង​មួយ​គីឡូក្រាម តែ​សំរាប់​ឆ្នាំនេះ ទីផ្សារ​ធ្លាក់ចុះ​មកដល់​ត្រឹមតែ ២៥០០រៀល នៅ​ដើមខែ​ដំបូង ហើយ​រហូតដល់​ខែ​នេះ តំលៃ​ទីផ្សារ​ក៏​កាន់តែ​ធ្លាក់​ចុះមក​គៀក​តំលៃ ២០០០រៀល ដែល​គាត់​លក់​មិនបាន​ប្រាក់ចំណេញ បើ​ទូទាត់​ជាមួយនឹង​ការចំណាយ​លុយ​ទិញ​ថ្នាំ​បាញ់​ការពារ​សត្វល្អិត ថ្នាំ​បំប៉ន​ដើម ថ្នាំ​ការពារ​ផ្កា និង​ជី​បំប៉ន​ដើម។បងប្រុស​បន្តថា គាត់​រកស៊ី ដើរ​ម៉ៅ​ចំការ​ស្វាយកែវ​រមៀត ជា​យូរ​ឆ្នាំ គឺ​គាត់​មាន​ម៉ូយ​ដឹកជញ្ជូន​ទៅឱ្យ​ម៉ូយ​នៅ​ថៃ និង​វៀតណាម ទើបបាន​តំលៃ​ប៉ុណ្ណឹង ២០០០រៀល ទៅ២៥០០រៀល តែ​ឥលូវ ម៉ូយ​នៅ​វៀតណាម គេ​ឈប់​ទទួល​ទិញ​ទៀត។ ហើយ​សំរាប់​ទីផ្សារ​លក់​ក្នុងស្រុក​យើង អាច​លក់​បានតែ ១០០០រៀល ទៅ១៥០០រៀល​ប៉ុណ្ណោះ ដែល​សឹងតែ​គ្មាន​អ្នក​ទៀតផង ព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ គេ​ក៏មាន​ដាំ​ដំណាំ​ស្វាយ​ជា​លក្ខណ​គ្រួសារ​ដែរ៕ ដោយ ឧ​ត្ត​ម