ថ្ងៃសៅរ៍ ទី ១៩ ខែសីហា ២០១៧

ហាងអិមខេកាហ្វេមណ្ឌលគិរី បានបើកសាខាទី២នៅខេត្តមណ្ឌលគិរីហើយ(មាន​វីដេអូ​)

2017-04-26 07:58:55     250     រ័ត្ន

ខេត្តមណ្ឌលគិរី៖ ក្រុមហ៊ុនកាហ្វេអិមខេមណ្ឌលគិរី ដែលជាក្រុមហ៊ុនផលិត និងចែកចាយកាហ្វេ ដ៏ធំនៅក្នុងទីផ្សារប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ បានបើកហាងកាហ្វេទំនើបមួយទៀត ហើយនៅខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានជោគជ័យនៅរាជធានីភ្នំពេញនាពេលកន្លងមក។ហើយហាងអិមខេកាហ្វេមណ្ឌលគីរី សាខាទី២នេះ បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី។តាមការលើកឡើងរបស់លោក យន់ ធួន នាយកហាងកាហ្វេ អឹមខេ មណ្ឌលគិរីបានឱ្យដឹងថា នេះជាសាខាហាងកាហ្វេមណ្ឌលគិរីទី២ហើយ របស់ក្រុមហ៊ុនកាហ្វេ អិមខេ មណ្ឌលគិរី ដែលបានសម្ពោធដាក់ឲ្យដំណើរការក្នុងការផ្តល់សេវាជូនអតិថិជន បន្ទាប់ពីក្រុមហ៊ុន អិមខេកាហ្វេមណ្ឌលគិរីទី១ បានសម្ពោធបើកសេវាកម្ម ហាងកាហ្វេទំនើបរបស់ខ្លួននៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៦ នាពេលកន្លងមក ដោយមានការគាំទ្រដ៏ច្រើនលើសលប់ពីភ្ញៀវជាតិ និងអន្តរជាតិ នាពេលសព្វថ្ងៃនេះ។លោកបានបន្តថា ស្របពេលនឹងកំណើនភ្ញៀវទេសចរនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុនកាហ្វេ អិមខេ មណ្ឌលគិរី បានសម្រេចបោះទុនបន្ថែមក្នុងការបើកអាជីវកម្ម ហាងអិមខេកាហ្វេមណ្ឌលគិរីសាខាទី២ ដែលជាដែនដីកំណើតរបស់ខ្លួន ក្នុងគោលបំណងចូលរួមក្នុងការអភិវឌ្ឍន៍សេវាកម្មហាងកាហ្វេទំនើបនៅក្នុងខេត្ត និងចូលរួមផ្តល់នូវបទពិសោធន៍ថ្មីៗ នៃហាងកាហ្វេទំនើប ដែលបង្កើតដោយស្នាដៃកូនខ្មែរសុទ្ធសាធ ជូនដល់អតិថិជនជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកទស្សនានៅក្នុងខេត្តមណ្ឌលគិរី ហើយចង់ភ្លក់នូវរសជាតិកាហ្វេធម្មជាតិដ៏ល្បីល្បាញ នៃខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា។លោកបានបន្តទៀតថា ហាងអិមខេកាហ្វេមណ្ឌលគិរី គឺជាហាងកាហ្វេទំនើប បំពាក់នូវម៉ាស៊ីនឆុងកាហ្វេស្វ័យប្រវត្តិនាំចូលពីបរទេសប្រកបដោយស្តង់ដារដំបូងគេនៅក្នុង តំបន់ភូមិភាគឦសាន ជាពិសេសនៅខេត្តមណ្ឌលគិរី នាពេលនេះ និងផ្តល់ជូនអតិថិជនជាតិ និងអន្តរជាតិ នូវរសជាតិកាហ្វេធម្មជាតិដ៏មានឱជារសឈ្ងុយឆ្ងាញ់ និងបានដាំដុះដោយកសិករនៅក្នុងខេត្តមណ្ឌលគិរី ផ្ទាល់ដៃ។លោក យន់ ធួន បានបន្តទៀតថា ក្នុងដំណើរការផលិតកម្មអស់រយៈពេលជាង១០ឆ្នាំមកនេះ កិត្តិនាម មិនត្រឹមតែលើកស្ទួយកិត្តិយសខេត្តមណ្ឌលគិរី នៅក្នុងប្រទេសកម្ពុជានោះទេ ក្រុមហ៊ុនកាហ្វេ អិមខេ មណ្ឌលគិរី មានការសហការណ៍ល្អជាមួយក្រសួងពាណិជ្ជកម្ម ដោយចូលរួមតាំង ពិពណ៌ក្នុងកម្មវិធី ជាតិ និងអន្តរជាតិ ជាច្រើនប្រទេស។ហើយជារៀងរាល់ឆ្នាំធ្វើនៅប្រទេសចិន និង២ឆ្នាំម្តងនៅប្រទេសកូរ៉េខាងត្បូង ១ឆ្នាំម្តងនៅប្រទេសថៃ សិង្ហបុរី ប្រុយណេ ជប៉ុន ម៉ាឡេស៊ី និងឡាវ។ ទទួលបានជោគជ័យលើការនាំចេញម្ស៉ៅកាហ្វេ ទៅកាន់ប្រទេសជាច្រើនដូចជា៖ កូរ៉េ ចិន ថៃ អូទ្រីស រុស្សី និងមួយផ្នែកទៀតនៅប្រទេសអារ៉ាប់។បច្ចុប្បន្នក្រុមហ៊ុនកាហ្វេ អិមខេ មណ្ឌលគិរី បានបំពាក់នូវខ្សែចង្វាក់ផលិតកម្មថ្មី និងទំនើប ដោយក្រុមហ៊ុនបាននាំចូល ម៉ាស៊ីនកែច្នៃ និងវេចខ្ចប់កាហ្វេទំនើប និងស្វ័យប្រវត្តិពីបរទេស ប្រកបដោយស្តង់ដារ និងអនាម័យខ្ពស់មិនចាញ់កាហ្វេនាំចូលពីបរទេសនោះទេ។ ក្នុងគោលបំណងបម្រើការផ្នែកទេសចរណ៏ និងដើម្បីជួយសម្រួលដល់ម្ចាស់ចម្ការកាហ្វេ ដែលបានខិតខំពង្រីកនូវការដាំដុះរបស់ខ្លួនឲ្យសមស្របទៅ និងតម្រូវការរបស់ទីផ្សានាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់ដំណើរការរោងចក្រកែច្នៃកាហ្វេមួយកន្លែង នៅក្នុងក្រុងសែនមនោរម្យ ដើម្បីជួយដល់កសិករឲ្យមានលំនឹងក្នុងទីផ្សារ។ម្យ៉ាងដើម្បីកាត់បន្ថយការនាំចូលកាហ្វេពីបរទេស ដែលពុំមានមូលដ្ឋានផលិតច្បាស់លាស់ នាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ​​ និងអាចចូលរួមកាត់បន្ថយនូវការចំណាកស្រុករបស់ប្រជាពលរដ្ឋ ទៅធ្វើការនៅក្រៅប្រទេស ដែលកន្លងមកតែងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ទើបក្រុមហ៊ុនបានបង្កើននូវការងារថ្មីៗជូនប្រជាជនកម្ពុជា និងជាការរួមចំណែកកាត់បន្ថយភាពក្រីក្រផងដែរ ។សូមបញ្ជាក់ផងដែរថា ការបើកឲ្យដំណើរការហាងកាហ្វេទំនើប របស់ក្រុមហ៊ុន អិមខេ មណ្ឌលគិរី រហូតដល់ទៅពីរសាខានេះ បានបញ្ជាក់ឲ្យឃើញពីភាពជោគជ័យថ្មី របស់ប្រជាជនកម្ពុជា ដែលបានធ្វើឲ្យផលិតផលក្នុងស្រុក មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិយ៉ាងទូលំទូលាយ ជាពិសេសក្នុងតំបន់អាស៊ីភាគអាគ្នេយ៍នេះតែម្តង។

បច្ចុប្បន្នកាហ្វេមណ្ឌលគិរីមានលក់ដុំ និងរាយនៅក្រុមហ៊ុនកាហ្វេ អិមខេ មណ្ឌលគិរី ខាងជើងផ្សារធំថ្មី និងមានលក់នៅតាមបណ្តាផ្សារទំនើបឡាក់គី ផ្សារទំនើបអ៊ីអន រួមទាំងផ្សារផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។ដោយឡែកចំពោះទីផ្សារហាងកាហ្វេទំនើប ក្រុមហ៊ុន មានផែនការពង្រីសាខារបស់ខ្លួននៅក្នុងបណ្តាខេត្តទេសចរណ៍សំខាន់ៗ ដូចជាសៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ ក្នុងពេលខាងមុខនេះ៕ ដោយ៖(រមនា)