ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

សម្តេច​តេ​ជោ ហ៊ុន សែន ជួប លោក​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia

2017-05-11 00:16:15     299     កញ្ញា

នៅ​មុនពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ធ្វើ​សន្និសីទកាសែត​កាលពី​ម៉ោង ១១:០០ព្រឹក​មិញ នេះ សម្តេច​តេ​ជោ​បាន​អញ្ជើញ​ជួប​លោក តាន់​ស្រ៊ី Anthony F. Fernandees ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia នៅ​សណ្ឋាគារ សុខា​ភ្នំពេញ។ លោក​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ដែល​បានរៀបចំ​នូវ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ ភាពស្រស់ថ្លា និង​ថាមពល ដែល​កម្ពុជា​កំពុង​តែមាន​សុខសន្តិភាព​ពេញលេញ និង​ស្ថេរភាព​នយោបាយ​យ៉ាង​ល្អប្រសើរ ពិសេស​ទៅទៀត​នោះ​គឺ​យុវជន​កម្ពុជា​ពោរពេញ​ទៅដោយ​សក្តានុពល​និង​មាន​ភាពឈ្លាសវៃ ប្រកប ដោយ​ឆ​ន្ទះ​ខ្ពស់​ដើម្បី​ទទួលបាន​នូវ​ភាពជោគជ័យ​ទាំងឡាយ​សម្រាប់​អនាគត​របស់​ពួកគេ។តាមរយះ​កិច្ចសន្ទនា​គ្នា​នេះ លោក​ប្រធាន​ក្រុមហ៊ុន​បាន​សំដែង​នូវ​ភាព​សុទិដ្ឋិនិយម​យ៉ាងខ្លាំង ចំពោះ ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា។ លោក​តាន់​ស្រ៊ី Anthony F. Fernandees ក៏បាន​ជំរាបជូន សម្តេច​តេ​ជោ​ផងដែរ​ថា ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរ អេ​ស៊ី នឹងធ្វើ​ការហោះហើរ​ត្រង់​ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ឆ្ពោះ​មកកាន់​ទីក្រុង​ព្រះសីហនុ ដោយ​ការហោះហើរ​ជា​លើកដំបូង ដែលមាន​ចំនួន ៤ជើង​ក្នុង១សប្តាហ៍។ ក្រោយ​រយះពេល៣ខែ​បន្ទាប់មក​គឺ​នឹងមាន​ការហោះហើរ​ជា​រៀងរាល់ថ្ងៃ។ លោក ប្រធាន​ក៏បាន​បញ្ជាក់​ផងដែរ​ថា ឥឡូវនេះ​ក្រុមហ៊ុន​របស់លោក​កំពុង​ការលក់​សំបុត្រ​នៃ​ការហោះ ហើរ ត្រង់​មកពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​មកកាន់​ទីក្រុង​ព្រះសីហនុ ហើយ​រូបលោក​មាន​ជំនឿ​ជឿជាក់ថា ការហោះ ហើរ​ត្រង់នោះ​នឹង​ជួយ​ជំរុញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា​កាន់តែច្រើន​ឡើង​ថែមទៀត ជាពិសេស​ក្នុង​រយះពេល៥ឆ្នាំ​ខាងមុខ ក្រុមហ៊ុន​លោក នឹង​អាច​នាំ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ ៣លាន​នាក់​មកកាន់ ប្រទេស​កម្ពុជា។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រីករាយ​ស្វាគមន៍​ចំពោះ​ការហោះហើរ​ត្រង់​ជា​លើកដំបូង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Air Asia ពី​ទីក្រុង​កូ​ឡា​ឡាំ​ពួរ មកកាន់​ទីក្រុង​ព្រះសីហនុ។ ការហោះ​ហើយ​ត្រង់នេះ គឺ​នឹង​នាំមក​នូវ​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកកាន់​កម្ពុជា​ផង និង​ម្យ៉ាងវិញទៀត​គឺ​នឹង​ផ្តល់នូវ​ជំរើស ដល់​ប្រជាជន​កម្ពុជា​ដែល​និង​ត្រូវធ្វើ​ការហោះហើរ​ត្រង់ ពី​រាជធានី​ភ្នំពេញ​ឬ​ពី​ក្រុងព្រះសីហនុ និង​ទៅ កាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ទៀតផង ៕ ដោយ VD7