ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

ប្រជាកសិករមួយគ្រួសាររស់នៅក្នុងស្រុកពេជ្រាដាកំពុង​ព្រួយបារម្ភចំពោះ​ការបង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ​នៅ​ក្នុងឆ្នាំ២០១៧នេះ(មានវីដេអូ)

2 months ago     329     ទុយ​ ហ៊ួត​

ខេត្តមណ្ឌលគិរី៖ ប្រជាកសិករមួយគ្រួសាររស់​នៅ​ភូមិ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដែលរាល់ថ្ងៃប្រក​បរបរ​ដាំ​ដំណាំ​សណ្ដែកបាយ បាននឹងកំពុង​ព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​ការបង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ​នៅ​ឆ្នាំ២០១៧នេះ ថាបាន​ទិន្នផល​តិច​ដោយសារអាកាសធាតុមានការរាំងស្ងួតនៅដើមរដូវ ​បណ្ដា​ល​អោយ​ដំណាំ​សណ្ដែកបាយ​លូតលាស់​មិនសូវ​ល្អ​ដូច​ឆ្នាំមុន។

លោក លី គ្រៀង ជា​កសិករ​មួយរូប​នៅ​ភូមិ​មេ​ចុង​ផាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រ​ដា បាន​ត្អូញត្អែរថា ដំណាំ​សណ្ដែកបាយ ឆ្នាំនេះ​លូត​លាស់​មិនល្អ​ដូច​ឆ្នាំ​កន្លងទៅ​ទេ ដោយសារតែ​ជួប​បញ្ហា​រាំងស្ងួត​នៅ​ដើមរដូវ​ និងធ្លាក់ភ្លៀង​ច្រើនពេក​នៅ​ពាក់​កណ្តាល​រដូវ​ដាំ​ដុះ ​ធ្វើអោយ​សណ្តែកបាយ​គាត់​ដុះ​មិនសូវល្អ ខ្លះ​រលួយ​ដោយសារ​ទឹកភ្លៀង​ធ្លាក់​ជាប់​រាល់ថ្ងៃ។កសិករ​រូបនេះ​បាន​បន្ត​ទៀតថា គាត់​មាន​ដី​ចំនួន២ហិកតា​ សម្រាប់​ដាំ​សណ្តែកបាយ ដោយ​ពួកគាត់​ដាំបានតែមួយដងក្នុង១ឆ្នាំ ។ គាត់បានបន្តថាចំពោះ​តម្លៃ​ស​ណ្ដែ​ក​បាយ​បាន​ថ្លៃ​គួរសំដែរ កាលពី​ឆ្នាំ​កន្លង​ទៅលក់បាន​ក្នុងតម្លៃចាប់ពី៤.០០០រៀលទៅ៥.០០០រៀល​ក្នុង១គីឡូក្រាម ហើយ​គាត់​ប្រមូល​ផល​បានចាប់ពី១.០០​០ទៅ១.២០០គីឡូក្រាម​ក្នុង​១ហិកតា ប៉ុន្តែឆ្នាំនេះគាត់​ថា ​អាកាសធាតុ​ប្រែប្រួល​មិន​ទៀងទាត់​បែបនេះសណ្ដែក​បាយ​មិនអាច​ទទួលបាន​ទិន្នផល​ខ្ពស់​នោះទេ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា សម្រាប់​ការបង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ​ នៅ​ទូទាំង​ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី១០ខែឧសភាឆ្នាំ ២០១៧ មាន​ដាំ​លើ​ផ្ទៃដី​ដាំដុះចំនួន២.០៩១ ហិកតា ។លោក​បន្ថែមថា ចំពោះ​ដំណាំ​សណ្ដែកបាយ​ឆ្នាំនេះ បើតាម​ពិនិត្យ​ជាក់ស្ដែង​គឺ​មិនមាន​ជួប​បញ្ហា​ ដូច​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នោះទេ ហើយ​បើ​មាន ​គឺមាន​តិចតួច​ប៉ុណ្ណោះ ដែលជួប​បញ្ហា​ ដោយពួកគាត់​​មួយចំនួន​ធ្វើការ​ប្រថុយប្រថាន​ដាំ​សណ្ដែកបាយនៅដើមរដូវ ។

ដើម្បី​ជួយ​ដល់​ពួកគាត់​ដែលជួប​និង​ការរាំងស្ងួត​រយះពេល​ខ្លី​នោះ ខាង​មន្ទីរ​កសិកម្មខេត្តមណ្ឌលគិរី បាន​ចុះ​ចែក​គ្រាប់ពូជ​ចំនួន៤០០គីឡូក្រាមនៅ​ឃុំ​ចំនួន​ពីរ​នៅ​ស្រុក​ពេ​ជ្រា​ដា​គឺ​ឃុំ​ពូ​ជ្រៃ​និង​ឃុំ​ស្រែ​អំពូ​ម ព្រោះ​នៅ​ខេត្តមណ្ឌលគិរី​នេះ​មានតែ ស្រុក​ពេ​ជ្រា​ដា​ទេដែលមាន​ផ្ទៃដី​ដាំ​ដុះ​សណ្តែកបាយបាន​ច្រើនជាងគេ​ក្នុងចំណោមក្រុងស្រុកទាំងប្រាំក្នុងខេត្តមណ្ឌលគិរី។​លោក​បន្តថា សម្រាប់​ដំណាំ​សណ្ដែកបាយ ក្នុង១ហិកតា អាច​ប្រមូល​ផល​បាន​ចំនួន១២០០គីឡូក្រាម និង​ប្រើ​រយៈពេល​ដាំ​ដុះ​ពី៧០ទៅ៩០ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ដាំដុះ។ ដោយ៖(រមនា)