ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល២ខែ របស់ក្រុមការងារថ្នាក់ជាតិខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី...មានវីដេអូ​

2017-09-11 22:35:23     89     ហង្ស សុភាព (កំពត/កែប)

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ សាលប្រជុំសាលាខេត្ត បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ២ខែ គឺខែកក្កដា ខែសីហា និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិ ខេត្តចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងការគាំទ្រការអនុវត្តន៍​កម្មវិធីនយោបាយនិង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពត។ ដែលប្រព្រឹតទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត ព្រមទាំងមានវត្តចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមការងារ ថ្នាក់ជាតិ ខេត្ត និងអាជ្ញាធរក្រុង ស្រុកផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ចាន់ ចេស្ដា អភិបាលនៃគណៈអភិបាលខេត្ត បានឡើងអានរបាយការណ៍និហជំរាបជូនគណៈអធិបតីអង្គពិធីអោយដឹងថា៖ ក្នុងរយៈពេល ២ខែគឺខែកក្កដា និងខែកញ្ញា ឆ្នាំ២០១៧នេះ ការរៀបចំវេទិកាសាធារណៈរបស់ក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ក្រុង ស្រុក ទាំង៨របស់ខេត្តកំពត ដើម្បីស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុង ឃុំ សង្កាត់មានចំនួនសរុប ២២លើក ស្មើ២១ឃុំ សង្កាត់។  ក្នុងនោះការការចូលរួមពីក្រុមការងារមានចំនួន ៥១១នាក់ និងមានប្រជាពលរដ្ឋចូលរួមចំនួន ៣២៥០នាក់ ដោយប្រមូលបានបញ្ហាសំណូមពរចំនួន១១៦ករណី(រឿងថ្មី៩៣ករណី និងប្រភេទរឿងចាស់២២ករណី) ចំពោះបញ្ហាការដោះស្រាយបានចំនួន៦៦ករណី (រឿងថ្មី៦១ករណី និងរឿងចាស់០៥ករណី) ហើយកំពុងបានដោះស្រាយមានចំនួន៤៧ករណី(រឿងថ្មី៤០ករណី និងរឿងចាស់០៧ករណី) និងនៅមានសេសសល់មិនទាន់ដោះស្រាយបាន មានចំនួន០៣ករណី(រឿងថ្មី០២ករណីនិងរឿងចាស់០១ករណី)។

ដោយឡែកនាពេលនេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ  ដោយថ្លែងការកោតសរសើរចំពោះសមាជិកក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងការគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជានៅខេត្តកំពតកន្លងមកទទួលបានលទ្ធផលល្អប្រសើរ និងបានចាត់ទុក វេទិកាសាធារណៈថ្នាក់ជាតិដែលក្រុមការងារ បានអនុវត្តកន្លងមកនេះ គឺនៅតែបន្តមានសារៈសំខាន់ដដែល។  ព្រោះថាវេទិកាសាធាណៈនេះគឺជាឧបករណ៍ក្នុងការចុះជួបជាមួយប្រជាពលរដ្ឋដើម្បីស្វែងរកតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព។  

ដូច្នេះមន្រ្តីក្រុមការងារទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ជម្រុញចុះធ្វើវេទិកាសាធារណៈនេះអោយបានខ្លាំងក្លាបន្ថែមទៀត ក្នុងគោលបំណង ដើម្បីស្វែងយល់ ពីសុខទុក្ខលំបាក ក្ដីកង្វល់ បញ្ហាការប្រឈមនិងសំណូមពរនានា ព្រមទាំងខិតខំដោះស្រាយរាល់ការលំបាកផ្សេងៗ សំដៅជម្រុញល្បឿននៃការអភិវឌ្ឍន៍ប្រទេសជាតិឈានឆ្ពោះទៅកាន់ភាពរីកចម្រើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព និងប្រសិទ្ធផល។