ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ឯកឧត្តម ឡាយ វណ្ណៈ ដឹកនាំមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សួរសុខទុក្ខអតីតអភិបាលរងខេត្តដែលកំពុង មានជំងឺ

2017-09-14 09:29:51     57     សុខន (តាកែវ)

ខេត្តតាកែវ ៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនលោកពូ កង សំអឿន អតីតអភិបាលរងខេត្តដែលបានចូលនិវត្តន៍ហើយកំពុង មានជំងឺសម្រាកព្យាបាលនៅគេហដ្ឋានរបស់លោកស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។

ក្នុងឱកាសនោះឯកឧត្តមបានលើកកោតសរសើរពីស្នាដៃរបស់លោកពូដែលបានបូជាគ្រប់បែបយ៉ាងក្នុងការចូលរួមការពារ កសាង អភិវឌ្ឍន៍ ប្រទេសជាតិតាំងពីលោកពូបម្រើការងារជានាយទាហាន ហើយត្រូវ បានផ្លាស់ប្តូរមកជាអភិបាលរងខេត្តរហូតដល់ចូលនិវត្តន៍។

ឯកឧត្តមអភិបាលខេត្តក៏បានផ្ញើដល់លោកពូត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ហើយហាត់ប្រាណឱ្យបានច្រើនដើម្បីឱ្យអារម្មណ៍បាន ធូរស្រាល ហើយមានសុខភាពរឹងមាំ ជាពិសេសត្រូវពិសារថ្នាំឱ្យបាន ទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងសូមជូនពរលោកពូឆាប់ជា សះស្បើយពីជំងឺដើម្បីស្ថិតនៅជាម្លប់សម្រាប់កូនចៅបន្តទៅមុខទៀត។

ឯកឧត្តមបន្តថានេះជាវប្បធម៌នៃការយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកនៅក្នុងជួរមន្ត្រីរាជការទូទាំងខេត្ត ហើយថ្នាក់ដឹកនាំខេត្តតែងតែចាត់ទុកមន្ត្រីរាជការទាំងអស់ ដូចជាក្រុមគ្រួសាររបស់ខ្លួន តែងតែយកចិត្តទុកដាក់ចុះទៅសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាជូនចំពោះមន្ត្រីណាជួបបញ្ហាលំបាក ខ្វះខាតឬមានជំងឺផ្សេងៗ ៕ ដោយ សុខន