ថ្ងៃពុធ ទី ២៧ ខែកញ្ញា ២០១៧

ប្រជាពលរដ្ឋ​ប្រមាណ​ជាង៣០នាក់​ នាំគ្នា​តវ៉ា​ហាមឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន ​«ដា​តា​រ៉ាប់​ប័​រ​» មិនឱ្យ​ធ្វើការ​ឈូសឆាយ

2017-06-29 15:06:57     446     រត្ន័ ផល្លា (ឩត្តរមានជ័យ)

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៣០នាក់ បាននាំគ្នា​ធ្វើការ​រារាំង និង​ហាមឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន«​ដា​តា​រ៉ាប់​ប័​រ» មិនឱ្យ​ឈូសឆាយដី និង​បាន​ចោទថា ក្រុមហ៊ុន​បាន​ឈូសឆាយ​បំភ្លេច​បំផ្លាញ​ដំណាំ​របស់​ពួកគាត់។

ការ​ប្រតិ​កម្មនេះ បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិត​ចំណុច​អណ្តូង៣ ក្នុងភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈដែល សកម្មភាព​គ្រឿងចក្រ​កំពុង​ឈូសឆាយដី ព្រមទាំង​មាន​ក្រុម​ទាហាន ប្រមាណ ១០នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ឈរ​ការ រពារ​គ្រឿងចក្រ និង​បាន​ហាមឃាត់ មិនឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កាត់​ផ្លូវ​ក្រុមហ៊ុន ទៅកាន់​ដីស្រែ​ចំការ​ពួកគាត់ នៅក្នុង​ដែន និង​ក្រៅ​ក្រុមហ៊ុន។

បងស្រី​ឈ្មោះ អ៊ឹម ចន្ថា មាន​ទីលំនៅ​ភូមិ​អូរ​ជញ្ជៀន ឃុំ-ស្រុក​អន្លង់វែង  ដែលជា​តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់ថា ផ្ទៃដី​ចំនួន៥០០ហិច​តា មាន​ប្រជាពលរដ្ឋ​ចំនួន ១២០គ្រួសារ បាន​កំពុង​អាស្រ័យ​ផល​ជា​រៀងរាល់ឆ្នាំ មាន​អ្នកកាន់កាប់​ពី​តាំង​អំឡុង​ឆ្នាំ២០០០ និង​មាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត​ចូល​បង្កបង្កើត​ផល​នៅ​ឆ្នាំ១៩៩៨មកម្ល៉េះ។ តែ​នៅ​ឆ្នាំ២០១២ ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប័​រ ទទួលបាន​សិទ្ធិ វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ប៉ះពាល់​ដែនដី​ព្រៃ​សហគមន៍ និង​ប្រជាពលរដ្ឋ។

បងស្រី​បាន​បន្តថា ក្រុមហ៊ុន​ខាងលើ បាន​ឈួ​ស​ឆាយ​ផ្ទះសម្បែង និង​ផលដំណាំ​ប្រជាពលរដ្ឋ​អស់​គ្មាន​សល។ ហើយ​ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង ឱ្យ​លោក​អាជ្ញាធរ​ជួយ​ដោះស្រាយ និង​បាននាំគ្នា​ប្តឹង​បន្ត ទៅដល់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល  ហើយ​សម្តេច​តេ​ជោ បាន​ដោះស្រាយ​កាត់​ដី​ចំនួន ៥០០ហិកតា ពី​ក្រុមហ៊ុន​ប្រគល់ឱ្យ​ប្រជាពលរដ្ឋ​ចូលមក​កាន់កាប់​ប្រើប្រាស់​ដូចដើម​វិញ។

បងស្រី​បញ្ជាក់ថា ចាប់តាំងពី​រាជរដ្ឋាភិបាល​កាត់​ដី ឱ្យ​ប្រជាពលរដ្ឋ ស្រាប់តែ​កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ក្រុមហ៊ុន​បាន​យក​គ្រឿងចក្រ ទៅ​ឈូសឆាយ​លើ​ផលដំណាំ​ពួកគាត់ និង​មាន​កម្លាំង ទាហាន​អង្គភាព​សឹក​រង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រមាណ ១០នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ការពារ​គ្រឿងចក្រ​ទៀតផង។

ដោយឡែក លោក លី ប៉​ក់វិន តំណាង​ក្រុមហ៊ុន​ដា​តា​រ៉ាប់​ប័​រ បាន​បំភ្លឺថា លោក​គ្រាន់តែ ទទួល​បទបញ្ជា​ពី​ប្រធាន​ក្រុមហ៊ុន ដើម្បី​ចុះ​សម្របសម្រួល សុំឱ្យ​ប្រជាពលរដ្ឋ ផ្អាក់​សកម្មភាព​រារាំង​បណ្តោះអាសន្ន រងចាំ​ការដោះស្រាយ។ ហើយ​លោក​បាន​សុំឱ្យ​ប្រជាពលរដ្ឋ ដែលមាន​ដី​អាស្រ័យ​ផល​ជាក់ស្តែង នៅក្នុង​ដែន​ក្រុមហ៊ុន ទៅធ្វើ​ការបញ្ជាក់​ឯកសា​រ​ដីធ្លី តាមរយ​អាជ្ញាធរ ភូមិ និង​ឃុំ ហើយ​បើ​មាន​ប្រជាពលរដ្ឋ​មានច្បាប់​ប្រើប្រាស់​លើដី​នេះ  ក្រុមហ៊ុន​មិន​ប៉ះពាល់​ទេ។ លោក​បាន​បញ្ជាក់ថា លោក​មិន​ហាមឃាត់ ប្រជាពលរដ្ឋ​មិនឱ្យ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​កាត់​ក្នុង​ក្រុមហ៊ុន​នោះទេ តែ​លោក​ដាក់​ប៉ា​រ៉ា​ស់ មិន​ឱ្យមាន​រថយន្ត​ប្រភេទ​ធុនធំៗ បើកបរ​ឆ្លងកាត់ ព្រោះ​អាច​ខូច​ផ្លូវ។

ដោយឡែក​បញ្ហា​នេះ ឯកឧត្តម ស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់​តាម ទូ​ស័ព្ទ​ថា ឯកឧត្តម នឹង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ចុះទៅ​ធ្វើការ​ពិនិត្យ រងចាំ​ធ្វើការ​ដោះស្រាយ។ ហើយ​បើតាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ ពួកគាត់​នៅតែ​បន្តធ្វើ​ការរារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​រហូតដល់​មានការ​ដោះស្រាយ ៕ ដោយ រ័ត្ន ផល្លា