ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ប្រធានការិយាល័យអប់រំកែប្រែ ពន្ធនាគារខេត្តរតនគីរីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន...

2017-07-15 22:45:38     655     ភួង ផុន (រតនគីរី)

ខេត្តរតនគីរី៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ នាយការិយាល័យអប់រំកែប្រែ នៃពន្ធនាគារខេត្តរតនគិរីម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ការឃាត់ខ្លួននាយការិយាល័យរូបនេះ បន្ទាប់ពីតុលាការ រកឃើញថា ជននេះជាប់ពាក់ព័ន្ធ ក្នុងករណីអ្នកទោសលួចរត់ចេញពីពន្ធធនាគារ និងយោងតាមដីការសម្រេច ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគីរី ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ។

បើតាមការបង្ហើបឲ្យដឹង ពីមន្ត្រីពន្ធនាគារថា ជនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ខ្យាល ប៉ាង៉ាង ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិគ្រឹង រស់នៅភូមិ២ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគីរី មានតួរនាទីជា នាយការិយាល័យ អប់រំកែប្រែ នៅពន្ធនាគារខេត្តរតនគីរី បច្ចុប្បន្ន ត្រូវបញ្ជូនទៅពន្ធនាគារខេត្តស្ទឹងត្រែងហើយ តែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។

ប្រភពពីមន្ត្រី សាលាដំបូងខេត្តរតនគិរី បានឲ្យដឹងថា ជននេះត្រូវបានដាក់ក្រោមការពិនិត្យ ពីបទជួយសម្រួលដល់ការលួចរត់ ដោយអ្នកត្រួតពិនិត្យ ប្រព្រឹតនៅពន្ធគារខេត្តរតនគីរី កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញាត្តិ អោយផ្ដន្ទាទោស តាមមាត្រា៥៦៧ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជាអោយភ្នាក់ងារ មានសមត្តកិច្ច នៃកម្លាំងសាធារណៈធ្វើការនាំជនត្រូវចោទដែលមានឈ្មោះ ខ្យាល ប៉ាង៉ាង ទៅពន្ធនាគារ ឬ មណ្ឌុលឃុំខ្លួន ដោយអនុវត្តអោយបានត្រឹមត្រូវតាមនិតិវិធីច្បាប់ រហូតដល់មានសេចក្ដីសម្រេចជាថ្មី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២ និង១០យប់ មានករណីអ្នកទោសចំនួន៥នាក់លួចរត់ចេញពីពន្ធនាគារ ខេត្តរតនគីរី ភ្លាមនោះ ត្រូវមន្ត្រីអនុរក្ស ពន្ធនាគារដេញតាមចាប់បានម្នាក់មកវិញភ្លាមៗបន្ទាប់មក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ សមត្តកិច្ចចាប់បានម្នាក់ទៀតនៅស្រុកវើនសៃ ចំណែក៣នាក់ទៀត នៅមិនទាន់ចាប់ខ្លួនបាននៅឡើយទេ រហូតដល់ពេលនេះ គឺស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ ដោយ៖(ភួង ផុន le.15.07.2017)