ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

អាជីវករ និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ពាក់ព័ន្ធ​ទៅនឹង​សុវត្ថិភាព​ចំនីអាហារ បន្ទាប់ពី​មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​ការណែនាំ​ជា​ញឹកញាប់ (មាន​វីដេអូ)

5 days ago     50     សំរេច (មណ្ឌលគីរី)

ខេត្តមណ្ឌលគិរី ៖ ជាក់ស្តែង​កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ត្រី​កាំកុងត្រូល បាន​សហការ​ជាមួយ ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ត្រួតពិនិត្យ​ទំនិញ និង​ចំនីអាហារ ដែល​អាជីវករ​ដាក់តាំង​លក់​នៅតាម​ផ្ទះ តូប​លក់​ចាប់​ហ៊ួ​យ​តាម​ដងផ្លូវ ស្ថិតនៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ។

ក្នុង​ចុះ​ត្រួតពិនិត្យ​ទំនិញ​នេះដែរ លោក ចាន់ វាសនា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ឲ្យ​ដឹងថា គោលបំណង​សំខាន់​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍ និង សុខភាព​អ្នកប្រើប្រាស់ ព្រោះ​កន្លងមក​ក្រោយពី​មន្ត្រី​កាំកុងត្រូល​ធ្វើការ​ណែនាំ​ឃើញថា អាជីវករ និង​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ និង​ការ​ដាក់តាំង​លក់ទំនិញ តែ​ក៏​នៅមាន​អាជីវករ​មួយចំនួន​តូច​នៅ​មិនទាន់​យល់ដឹង​ផងដែរ។

លោក​បាន​បន្តថា ការត្រួតពិនិត្យ​នេះ​គឺ​ផ្តោត​សំខាន់​ទៅលើ​ទំនិញ វេច​ខ្ចប់​ស្រាប់ ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ទំនិញ​គ្មាន​អនាម័យ គ្មាន​សុវត្ថិភាព និង​ទំនិញ​ដែលមាន​លាយ​សារធាតុ​គីមី​ហាមឃាត់ ។ ក្នុង​ការចុះ​ត្រួតពិនិត្យ​នោះដែរ មន្ត្រី​ជំនាញ​កាំកុងត្រូល បានធ្វើ​តេស្ត​រកសា​ធាតុគីមី​បូរ៉ា​ក់​ទៅលើ ប្រហិត​សាច់គោ ត្រីងៀត សរសៃ​មី​លឿង សរសៃ​គុយទាវ និង ណែម  ជា​លទ្ធផល​ពុំមាន​សារធាតុ​គីមី​ហាមឃាត់​នោះទេ។

បន្ទាប់ពី​ធ្វើតេស្ត​រួចមក មន្ត្រី​កាំកុងត្រូល​បាន​បន្ត​ស្វែងរក ទំនិញ​ដែល​មិនមាន​គុណភាព ក៏ដូចជា​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់  ដែល​អាជីវករ​ដាក់តាំង​លក់​នៅតាម​ផ្ទះ ជា​លទ្ធផល​ការត្រួតពិនិត្យ​នេះ ក៏បាន​រកឃើញ នំ​ស្រួយ​ម៉ាក​QUE ចំនួន​ពីរ​កញ្ចប់ ស្មើនឹង​កន្លះ​គីឡូក្រាម ហួស​កាលបរិច្ឆេទ (ផលិត​នៅ​ប្រទេស​វៀតណាម) ត្រូវបាន​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ធ្វើការ​ដកហូត​យកទៅរ​ក្សា​ទុក ដើម្បី​ធ្វើ​ការដុត​កំទេចចោល​នៅពេល​ក្រោយ។

ទន្ទឹមនឹង​ការចុះ​ត្រួតពិនិត្យ​ទំនិញ​នេះដែរ  មន្ត្រី​កាំកុងត្រូល បានធ្វើ​ការណែនាំ​បន្ថែម ដល់​អាជីវករ​ពាណិជ្ជករ​ឲ្យ​មាន​យល់ដឹង និង មានការ​ប្រុងប្រយ័ត្ន ចំពោះ​ទំនិញ​ទាំងឡាយណា​ដែល​មិនមាន​គុណភាព និង​ហួស​កាលបរិច្ឆេទ ប្រើប្រាស់ ដូចជា កំប៉ុង​កំពិត ប៉ោង ច្រេះ​ស៊ី ទំនិញ​ដែលមាន​សារធាតុ​គីមី​ហាមឃាត់ និង ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ទុកដាក់​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ និង​បាន បិទ​រូបភាព ដែល​រៀប ចំ​ដោយ អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ជូន​ដល់​អ្នកលក់ និង អ្នកប្រើប្រាស់ អោយបាន​យល់ដឹង​ពី​រូបភាព ជាបឋម នូវ​ទំនិញ​ណា​ដែល​គួរប្រើ និង​ទំនិញ​ណា​មិនគួរ​ប្រើប្រាស់៕ ដោយ ៖ (រម​នា)