ថ្ងៃចន្ទ ទី ១៨ ខែធ្នូ ២០១៧

ពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាល័យឥស្លា ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ាណែត

2017-08-13 00:02:25     179     ហង្ស សុភាព (កំពត/កែប)

ខេត្តកំពត៖ ពិធីសម្ពោធមជ្ឈមណ្ឌលវិទ្យាល័យឥស្លា«អាល់ហ្សាមេល» ដែលប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នងតាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន។

ក្នុងឱកាសនោះផងដែរ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់តំណាងស្ថានទូតគូវេតប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវគណៈប្រតិភូអមដំណើ  និងថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ក្រុង  មន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ លោកគ្រូ អ្នក សិស្សានុសិស្សចូលរួមសរុបប្រមាណជាង៣០០០នាក់ ផងដែរ។

លោក លាង រឿនសុធី អភិបាលក្រុងកំពត បានឡើងអានរបាយការណ៍ សមិទ្ធិផលនានាក្នុងក្រុងកំពត រួមនិងមជ្ឈមណ្ឌលឥស្លាមវិទ្យាល័យ (អាល់ហ្សាមេល)នេះ ជាអំណោយសប្បរសធម៌របស់ប្រជាជននៃប្រទេសគូវេត ផ្ដល់តាមរយៈសមាគមប្រភពល្អកម្ពុជា ។  ដោយបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៥ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែកញ្ញាឆ្នាំ២០១៦ ដែលស្ថិតនៅលើផ្ទៃដីក្រឡាចំនួនមួយហិចតាកន្លះ ។

សមិទ្ធផលសម្រេចបាននៅក្នុងមជ្ឈមណ្ឌលវិទ្យាល័យនេះ រួមមានសរុបចំនួន ៦អគារ  រួមមានអគារសិក្សា១ខ្នង២ជាន់ចំនួន១៦បន្ទប់ អគារស្នាក់នៅ១ខ្នង២ជាន់ចំនួន៨បន្ទប់ អគារស្នាក់នៅសម្រាប់គ្រូ១ខ្នង២ជាន់ចំនួន៤បន្ទប់ ព្រមទាំងមានសាលប្រជុំ អាហារដ្ឋាន និងបន្ទប់ទឹកសរុបចំណាយថវិកាប្រមាណ៥៥ម៉ឺនដុល្លា។ មជ្ឈមណ្ឌលនេះគឺស្ថិតក្នុងគម្រោងរបស់សមាគមប្រភពល្អកម្ពជា ដើម្បីផ្ដល់ការអប់រំសម្រាប់កុមារី និងយុវតីខ្មែរឥស្លាម សំដៅលើកកម្ពស់ការសិក្សា និងបណ្ដុះបណ្ដាលមត្ថភាពវិជ្ជាជីវៈក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ក្នុងឱកាសនោះផងដែរ លោក Naser Fhaid Al-Hajraf(ណាសើ ហ្វាអ៊ីត អាល់ហាជូរាហ្វ) តំណាងអោយស្ថានទូតគូវែត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើគារវៈកិច្ចស្វាគមន៍ដល់អង្គពិធីទាំងមូល ជាពិសេសចំពោះឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់កិត្តិយសដល់សមាគមប្រភពល្អ និងរឹតចំណងសាមគ្គីភាពរវាងប្រជាជននៃ ប្រទេសគូវែត និងប្រជាជនខ្មែរឥស្លាមនៃប្រទេសកម្ពុជា មិនតែប៉ុណ្ណោះលោកបានលើកពាក្យស្លោកមួយឃ្លាថា ត្រូវអោយផ្លែសន្ទូច កុំអោយត្រី ការលើកឡើងដូច្នេះលោកចង់បញ្ជាក់ថា បើអោយត្រីហូបបានតែម្តងទេ តែបើអោយផ្លែសន្ទូចយើងអាចរកត្រីហូបបានរហូត ដោយឡែកថ្ងៃនេះទឹកដីខេត្តកំពតទទួលបានវិទ្យាល័យទាំង៦អគារនេះ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនិងជួយកាត់បន្ថយភាពក្រីក្រដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។

ជាមួយគ្នានោផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានឡើងមានមតិសំណេះសំណាលទៅកាន់អង្គពិធីផងដែរ ហើយបានពាំនាំពាក្យរបស់សម្តេចសួរសុខទុកបងប្អូនប្រជាពលរដ្ឋ និងសំដែងការកោដសសើដល់បងប្អូនប្រជាពលរដ្ឋសាសនិកឥស្លាម ដែលបានចូលរួមនៅទីនេះ ហើយចេះតស៊ូអត់ធ្មុតស្រលាញ់ប្រជាពលរដ្ឋខ្មែររួមជាតិតែមួយ មិនតែប៉ុណ្ណោះបានរឹតចំណងសាមគ្គីភាពបានល្អកសាងសន្តិភាពនិងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងកន្លងមក ជាពិសេសបងប្អូនតែងតែគាំទ្របេក្ខភាពសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូតមកដល់សព្វថ្ងៃ ជាមួយគ្នានោះផងដែរ ឯកឧត្តមបានថ្លែងអំគុណដល់ស្ថានទូតប្រទេសគូវែត តាមរយៈលោកNaser Fhaid Al-Hajraf( ណាសើ ហ្វាអ៊ីត អាល់ហាជូហ្វ) តែងតែយកចិត្តនិងកសាងសាលាបណ្តុះបណ្តាលជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ជួយដល់សិស្សក្រីក្រនានាតាមបណ្តាលជនបទដាច់ស្រយ៉ាលក្នុងប្រទេសកម្ពុជាយើង។

ជាចុងក្រោយឯកឧត្តម ហ៊ុន ម៉ាណែត បានបំពាក់នៅគ្រឿងឥស្សរយសជូនដល់ប្រធានសមាគមប្រភពល្អកម្ពុជា និងសប្បុរសជនផ្សេងទៀត ដែលមានស្នាដៃក្នុងកសាងសមិទ្ធិផលនានាកន្លងមក និងផ្តល់ថវិការមួយចំនួនចូលរួមការកសាងនៅមជ្ឈមណ្ឌលវិទ្យាល័យឥស្លាម (អាល់ ហ្សាលមេល)នេះ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដល់សាសនិកឥស្លាមកម្ពុជា និងផ្តល់ជូនថវិការជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលការពារកម្មវិធី។

ឆ្លៀក្នុងឱកាសនោះដែរ ឯកឧត្តម បានអញ្ជើងកាត់ខ្សែបូរសមិទ្ធិផលអគារវិទ្យាល័យសម្រាប់ប្រើប្រាស់ជាផ្លូវការ។