ថ្ងៃអាទិត្យ ទី ២៤ ខែកញ្ញា ២០១៧

ម៉ូតូកៃច្នៃបំពង់ស៊ីមាំង ១៣គ្រឿង ត្រូវនគរបាលខណ្ឌមានជ័យឃាត់យកមកអប់រំ និងតម្រូវអោយម្ចាស់ប្តូរដាក់គ្រឿងបន្លាស់ដើមវិញ

2017-09-12 16:19:49     74     ភ្នំព្រឹក ( ភ្នំពេញ)

រាជធានីភ្នំពេញ : ម៉ូតូកៃច្នៃបំពង់ស៊ីមាំង១៣គ្រឿង បង្កជាសម្លេងលឺៗ និងបំពាក់ឡាស័រខុសទម្រង់ដើម ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ធ្វើការឃាត់ជាបន្តបន្ទាប់ក្នុងរយះពេល២ថ្ងៃ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៧ ក្នុងខណ្ឌមានជ័យ ។ 

លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា ដោយអនុវត្តទៅតាមបញ្ជារយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ តម្រូវអោយសមត្ថកិច្ចក្រោមឱវាទ ពិសេសកម្លាំងនគរបាលទាំង១២ខណ្ឌ ធ្វើយ៉ាងណាត្រូវបង្កើនការយកចិត្តទុកយកដាក់ខ្ពស់លើគ្រប់យានជំនិះដែលមានបំពាក់នូវបំពង់ស៊ីមាំងកៃច្នៃ ខុសទម្រង់ដើមបង្កជាសម្លេងលឺរំពងខ្លាំងៗ រំខានដល់ដំណើរតាមដងផ្លូវ និងពលរដ្ឋទូទៅ ។ 

លោកអធិការរងបន្តថា ម៉ូតូទាំង១៣គ្រឿង ត្រូវឃាត់ជាបន្តបន្ទាប់ ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី៧ និងទី៨ ដោយសមត្ថកិច្ចជិះល្បាតប្រទះឃើញ ហើយធ្វើការឃាត់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌតែម្តង ។ ការឃាត់នេះ ពុំមានជាប់ពាក់ព័ន្ធនឹងបទល្មើសនោះទេ គឺដោយអនុវត្តតាមបទបញ្ជារថ្នាក់លើ ត្រូវតែឃាត់យកមកពិន័យ និងធ្វើការអប់រំជាកំហិត ។

សូមបញ្ជាក់ថា នៅវេលាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចខណ្ឌមានជ័យ ដឹកនាំដោយលោកអធិការរងហួរ ម៉េងវ៉ាង បានធ្វើការបង្ហាញម៉ូតូទាំង១៣គ្រឿងជាសាធារណះ និងអញ្ចើញម្ចាស់ម៉ូតូអោយយកឯកសារ មកទទួលយកទៅវិញផងដែរ ។ ប៉ុន្តែទន្ទឹមនឹងនោះ មុនពេលដែលសមត្ថកិច្ចអនុញ្ញាតិអោយទៅវិញ គឺតម្រូវអោយម្ចាស់ម៉ូតូដោះបំពង់ស៊ីមាំងកៃច្នៃ និងឡាស័រចេញពីម៉ូតូ រួមបំពាក់គ្រឿងបន្លាស់ដើមមកវិញ ។ បន្ថែមពីនោះ សមត្ថកិច្ចក៏បានធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាជាមួយម្ចាស់សមីបុគ្គល ត្រូវបញ្ឈប់សកម្មភាពនេះ បន្តទៅមុខទៀតផងដែរ ៕ ដោយ ភ្នំព្រឹក