ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

ទិញកាំភ្លើងពីប្រទេសថៃ ប៉ុនប៉ងបាញ់សម្លាប់ម្តាយក្មេក នឹងគ្រួសារប្រពន្ឋ ព្រោះខឹងបំបែកបំបាក់ប្រពន្ធ ពីខ្លួន

2017-09-12 17:15:54     150     ភ្នំព្រឹក ( ភ្នំពេញ)

ភ្នំពេញ : បុរសម្នាក់ព្រោះតែខឹងនឹងម្តាយក្មេក ដោយសង្ស័យថា ជាដើមចមនៃការបំបែកបំបាក់ខ្លួននឹងប្រពន្ធ បានសម្រេចទិញកាំភ្លើងខ្លីពីប្រទេសថៃ មកប៉ុនប៉ងបាញ់សម្លាប់ម្តាយក្មេក តែមិនសម្រេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់ទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ 

ជនសង្ស័យមានឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្ដស្វាយរៀង ។ ដោយឡែកស្ត្រីជាប្រពន្ធមានឈ្មោះ ស៊ឹម ចាន់លីដា អាយុ២៤ឆ្នាំ មុខរបរកម្មរោងចក្រ ស្នាក់នៅភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិដើមមាន សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ 

អធិការរងនគរបាលខណ្ឌ លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អោយដឹងថា ជនសង្ស័យ និងស្ត្រីជាប្រពន្ធ ស្នាក់នៅជាមួយគ្នា នៅបន្ទប់ផ្ទះជួលក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែក្រោយកើតមានជម្លោះជារេឿយៗកន្លងមក ស្ត្រីជាប្រពន្ធបានចាកចេញពីបុរសជាប្តី មកនៅជាមួយម្តាយបង្កើត នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ ហើយអ្នកទាំង២ឧស្សាហ៍ឈ្លោះប្រកែកគ្នា ច្រើនលើកច្រើនសារផងដែរ ។

លោកអធិការរងបន្តថា តាមចម្លើយឆ្លើយសារភាពរបស់ជនសង្ស័យអោយដឹងថា ស្ត្រីជាប្រពន្ធតែងចាកចេញពីខ្លួនទៅនៅជាមួយម្តាយក្មេកបែបនេះ ២ទៅ៣លើកហើយបន្ទាប់ពីឈ្លោះប្រកែកគ្នាម្តងៗ ដោយជេឿតាមពាក្យសម្តីរបស់ម្តាយ ។ ជនសង្ស័យបន្តថា មុន១ខែ ក្រោយកើតមានចិត្តខឹងរហូតប៉ុនប៉ងបាញ់សម្លាប់ម្តាយក្មេកបែបនេះ គឺប្រពន្ធរបស់ខ្លួនបានចាកចេញពីខ្លួនម្តងទៀតទៅរស់នៅជាមួយម្តាយ អស់រយះពេល១ខែ ក្រោយកើតជម្លោះជាថ្មី ហើយនាងក៏ពុំព្រមត្រឡប់មករួមរស់ជាមួយបុរសជាប្តីវិញឡើយ។ 

បន្ទាប់ពីស្ត្រីជាប្រពន្ធមិនព្រមត្រឡប់មករួមរស់ជាមួយវិញហើយនោះ ជនសង្ស័យជាប្តីបានគិតថា ស្ត្រីចំណាស់ជាម្តាយក្មេក គឺជាដើមចមតែមួយ នៃការបំបែកបំបាក់ខ្លួន និងប្រពន្ធ ទើបរូបគេសម្រេចចិត្តទៅប្រទេសថៃ ទិញកាំភ្លើងខ្លីមួយដើម ម៉ាកប៉េអាម៉ាប់ ប៉ុនប៉ងទៅបាញ់សម្លាប់ម្តាយក្មេកដល់ផ្ទះ ។ កំឡុងពេលទៅដល់ផ្ទះរបស់ម្តាយក្មេក ជនសង្ស័យបានបបួលស្ត្រីជាប្រពន្ធអោយត្រឡប់ទៅផ្ទះវិញជាមួយខ្លួន ប៉ុន្តែត្រូវស្ត្រីជាប្រពន្ធបដិសេធ ជាហេតុនាំអោយជនសង្ស័យទាញកាំភ្លើងចេញពីចង្កេះ ប៉ុនប៉ងបាញ់សម្លាប់ស្ត្រីជាម្តាយក្មេក ប៉ុន្តែសំណាងល្អពេលនោះ កាំភ្លើងរបស់ជនសង្ស័យបាញ់មិនចេញគ្រាប់ នាំអោយស្ត្រីជាប្រពន្ធស្ទុះទៅប្រតាយប្រតប់ជាមួយជនសង្ស័យ ដើម្បីដណ្តើមកាំភ្លើង ។ ស្របពេលជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចដែលកំពុងល្បាតក្នុងមូលដ្ឋានបានប្រទះឃើញ ក៏ចូលទៅចាប់ឃាត់ជនសង្ស័យ និងអាវុធខ្លីបានភ្លាមៗតែម្តង បញ្ចូនមកកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុន ដើម្បីបន្តនីតិវិធី ។

សូមបញ្ជាក់ថា កាំភ្លើងរបស់ជនសង្ស័យម៉ាក ប៉េអាម៉ាប់ មានគ្រាប់ចំនួន៨ ហើយកាំភ្លើងនេះរូបគេទើបតែទិញមកពីប្រទេសថៃបាន៦ថ្ងៃ ។ យ៉ាងណាមិញ បច្ចុប្បន្ន និងវត្ថុតាងត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុន រងចាំកសាងសំណុំរេឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ៕  ដោយ ភ្នំព្រឹក