ថ្ងៃសុក្រ ទី ២៤ ខែវិច្ឆិកា ២០១៧

ជនជាតិវៀតណាម២នាក់ត្រូវឃាត់ខ្លួនសួរនាំនៅការិយាល័យគ្រប់គ្រងជនបរទេស....

2017-09-13 22:30:22     74     ភួង ផុន (រតនគីរី)

ខេត្តរតនគិរី៖ ការិយាល័យគ្រប់គ្រងជនបរទេស នៃស្នងការដ្ឋាននគបាលខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី ពីរនាក់ដើម្បីបំពេញនីតិវិធីតាមច្បាប់ បន្ទាប់ពីជនបរទេសទាំងពីររូប ពាក់ព័ន្ធករណីប្រមូលទិញឈើខុសច្បាប់នៅខេត្តរតនគិរី។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង៥:៣០នាទី កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចស្នងការខេត្ត សហការណ៍ជាមួយកម្លាំងជំនារដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះឆែកឆេរទីតាំងស្តុកឈើមួយកន្លែង ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ហើយធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ បន្ទាប់ពីធ្វើការឆែកឆេររកឃើញមានស្តុកឈើធ្នង់ និងក្រាក់ក្រញូង ព្រមទាំងរថយន្តកាម៉ារីហើមមួយគ្រឿងមានផ្ទុកឈើទៀតផង។ ជនជាតិវៀតណាមទាំង ២នាក់នោះ ១.មានឈ្មោះ ង្វៀង វ៉ាន់កុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តបាក់និញ កាន់លិខិតឆ្លងដែនលេខ (B2856663) ២.មានឈ្មោះ ខៀវ ធីហាញ់ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅខេត្តថាញ់ហ័រ កាន់លិខិតឆ្លងដែនលេខ (B8931758) អ្នកទាំងពីបានមកជួលផ្ទះនៅភូមិ សង្កាត់ខាងលើ។

តាមការដឹងពីសមត្ថកិច្ចថា ឈើដែលឆែកឆេររកឃើញនោះមានឈើធ្នង់ចំនួន៥៩ដុំ ឈើក្រញូង៣៧ដុំ និងរថយន្តមួយគ្រឿងម៉ាក កាម៉ារីហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ  2L.7461 មានផ្ទុកឈើធ្នង់ចំនួន១៨ដុំ សរុបទាំងអស់មានឈើធ្នង់ចំនួន ៧៧ដុំ ស្មើនិង១.៤៩៣ម៉ែត្រគូប និងឈើក្រាក់ក្រញូងចំនួន៣៧ដុំ ស្មើនិង១០០គីឡូក្រាម។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា វត្ថុតាងឈើ និងរថយន្តត្រូវជំនាញរដ្ឋបាលព្រៃឈើយកទៅរក្សាទុកនៅខ័ណ្ធរដ្ឋបាលព្រៃឈើខេត្ត។

ការឃាត់ខ្លួនជនជាតិវៀតណាម ពាក់ព័ន្ធករណីស្តុកឈើខុសច្បាប់ខាងលើនេះ លោក ជា ប៊ុនធៀន ស្នងការរងទទួលបន្ទុកជនអន្តោប្រវេសន៍ បានឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៣ ខែកញ្ញា នេះថា ជនជាតិវៀតណាមប្រុសស្រី ទាំង២រូបនោះ បានបញ្ជូនខ្លួនឲ្យទៅជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តហើយ បន្ទាប់ពីមន្ត្រីជំនាញការិយាល័យរកឃើញថា ពួកគេកាន់លិខិតឆ្លងដែនស្របច្បាប់។

តែដោយឡែកលោក កែប កុដ នាយខ័ណ្ឌរដ្ធបាលព្រៃឈើខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃដដែលនេះដែរថា គេមិនបានបញ្ជូនជនជាតិវៀតណាមទាំង២នាក់នោះមកឲ្យលោកទេ លោកទទួលបានតែវត្ថុតាង រថយន្តនិងឈើ ព្រមទាំងឯកសារពាក់ព័ន្ធតែប៉ុណ្ណោះ ។

បើទោះជាយ៉ាងណា ជនជាតិវៀតណាមទាំង២នាក់ ខាងលើគេមិនដឹងថាត្រូវបញ្ជូនខ្លួនទៅណា ឬក៏គេត្រូវរូវគ្នាដោះលែងបាត់ហើយក៏មិនដឹង នៅរសៀលថ្ងៃដដែលនេះ៕ ដោយ៖(ភួង ផុន le.13.09.2017)